គោលការណ៍នៃការកសាងប្រាសាទ គឺទាក់ទិនទៅនឹងការផ្សព្វផ្សាយវប្បធម៌បែបព្រហ្មញ្ញសាសនា ដោយសន្សឹមៗ ពីសមុទ្រ ឬ ដែនដីសណ្តនៅកម្ពុជាក្រោម ហើយពីនោះតមកក៏បានជ្រួតជ្រាបចូលទៅខាងក្នុងនៃប្រទេសខ្មែរ ដូចជាខេត្តតាកែវ ព្រៃវែង កណ្តាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងចម្ប៉ាសាក់ជាដើម ។ នៅមានមូលហេតុមួយទៀត ទិសដៅរបស់អ្នកដឹកនាំខ្មែរបុរាណគឺ ការជំរុញការកសាងបូជនិយដ្ឋាននានា ដែលជាមូលនិធិសាសនា ដើម្បីងាយនឹងត្រួតត្រាប្រទេសតាមរយៈការផ្សព្វផ្សាយលទ្ធិសាសនា ឥណ្ឌា ។ ដូច្នេះការសាងសង់ប្រាសាទនានា និងវឌ្ឍនភាពនៃវិស័យជំនឿសាសនា គឺដោយសារជនជាតិខ្មែរ ប្រារព្ធប្រតិបត្តិអនុវត្តតាមលទ្ធិព្រហ្មញ្ញសាសនា ដែលពុំធ្លាប់មានលក្ខណៈជំទាស់ ទៅនឹងជំនឿប្រពៃណីដូនតា ដែលមានលក្ខណៈជីវចលនិយម ។
ករណីស្ថាបត្យកម្មនៅក្នុងដែនដីសណ្តរនេះ មិនខុសប្លែកពីស្ថានភាពនៅក្នុងភូមិភាគនៃឈូងសមុទ្រសៀម សព្វថ្ងៃនេះដែរ ថ្វីត្បិតតែនៅសល់តែខឿនក៏ដោយ ត្បិតថា គឺនៅទីនោះហើយដែលវប្បធម៌ឥណ្ឌាបានចាប់ពន្លក ហើយបានរីកដុះដាលឡើងមុនគេ មុននឹងជ្រួតជ្រាបទូទាំងផ្ទៃក្នុងនៃអតីតប្រទេសកម្ពុជា ។
អ្វីដែលបានបង្ហាញខាងលើ យើងអាចសន្និដ្ឋានថា ផ្លូវទឹកដូចជា ផ្លូវសមុទ្រនិងទន្លេមេគង្គជាដើម ជាកត្តាសំខាន់បំផុត ក្នុងការផ្សព្វផ្សាយវប្បធម៌ឥណ្ឌា ជាពិសេសខាងវិស័យស្ថាបត្យកម្មប្រាង្គប្រាសាទដែលជាដង្ហើមនៃវប្បធម៌ ខ្មែរបុរាណ ដែលប្រកបដោយវឌ្ឍនភាព ។ នេះជាហេតុផលពិតនៃការសាងសង់បូជនិយដ្ឋានបែបព្រាហ្មណ៍និយម ។ ស្ថាបត្យកម្មរមែងតែមានទំនាក់ទំនងយ៉ាងស្និទ្ធជាមួយបរិបទវប្បធម៌និង ភូមិសាស្ត្រនៃអតីតព្រះរាជាណាចក្រកម្ពុជាបុរាណ ។ លទ្ធផលដំបូងនៃការវិភាគ ក៏ធ្វើឲ្យយើងដឹងផងដែរថា សិល្បៈវប្បធម៌សម័យចេនឡា ពិតជាសាយភាយឥទ្ធិពលពីនគរភ្នំយ៉ាងពិតប្រាកដដែលឥតប្រកែកបានឡើយ ។
ចុងបញ្ចប់ នៃរឿងរ៉ាវសាងសង់ប្រាសាទខាងលើ យើងត្រូវផ្សារភ្ជាប់រវាងសិល្បៈស្ថាបត្យកម្មខ្មែរ សម័យចេនឡា ទៅនឹងស្ថាបត្យកម្មសម័យនគរភ្នំ ។ យ៉ាងណា យើងក៏ត្រូវទទួលស្គាល់ផងដែរថា ស្ថាបត្យកម្មខ្មែរបុរាណ បានកើតឡើងដោយឥទ្ធិពលនៃវប្បធម៌នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ហើយការដែលអ្នកស្រាវជ្រាវឬអ្នកនយោបាយយល់ថា មរតកវប្បធម៌នៅក្នុងភូមិភាគខាងលើនេះ ពុំមែនជាសមិទ្ធិផលរបស់បុព្វការីជនខ្មែរ នោះ គឺជាទស្សនៈខុសឆ្គងមួយប្រកបដោយលក្ខណៈនយោបាយ ។
អ្វីដែលយើងទើបតែឲ្យចម្លើយ ហើយអ្វីដែលយើងត្រូវតែកែតម្រូវ គឺបុព្វបុរសខ្មែរ បានខិតខំប្រឹងប្រែងដោយគុណធម៌បំផុត ក្នុងពេលសាងសង់ទេវស្ថានទាំងនោះដោយមូលហេតុសាសនា ។ មានន័យថា ចង់ ឬ មិនចង់ គេមិនអាចសរសេរប្រវត្តិសាជាថ្មីឡើងវិញទេ ព្រោះថា ប្រវត្តិសាស្ត្រគឺជាប្រវត្តិសាស្ត្រ ។
ជាអវសាន សូមជម្រាបថា ចំណុចចម្បងចុងក្រោយដែលគេត្រូវកត់ត្រាគឺ នគរភ្នំ ដែលស្ថាបត្យកម្មប្រាង្គប្រាសាទខ្មែរ នាសម័យបុរេអង្គរ ដែលបានទទួលឥទ្ធិពល ជាពិសេសខាងវិស័យសូនរូបពីមជ្ឈមណ្ឌលវប្បធម៌ដែលស្ថិតក្នុងដែនតំបន់ នៅផ្នែកខាងក្រោមនៃដងទន្លេមេគង្គ និងតំបន់នៃដែនដីសណ្ត ។ ក្នុងបរិបទនេះហើយ ដែលរូបមន្តប្រាង្គប្រាសាទនិងបដិមាកម្មទទួលឥទ្ធិពលពីតំបន់សមុទ្រ និងវាលទំនាប ។
នៅសម័យចេនឡានិងអង្គរ គេសង្កេតឃើញចលនាវប្បធម៌នេះ មានលក្ខណៈបញ្ច្រាសទៅវិញ គឺតំបន់វាលទំនាបទាំងឡាយនៃអតីតព្រះរាជាណាចក្រកម្ពុជា បានទទួលរូបមន្តផ្សេងៗ មកពីតំបន់ខ្ពង់រាបម្តង ។ តាមពិតទៅ ស្ថានភាពនេះគ្រាន់តែបង្ហាញនូវការផ្លាស់ទីតាំង នៃអំណាចមូលដ្ឋានកណ្តាលក្រោយពីជ័យជំនះរបស់ចេនឡាលើនគរភ្នំ តែប៉ុណ្ណោះ ៕
ដោយ មីសែល ត្រាណេ
No comments:
Post a Comment